Skip to content

ពិការភាព

២០%
៣០%
៤៤%


ជនមានពិការភាព ជាពិសេសកុមារ និងជនមានពិការភាពបញ្ញា នៅតែជាក្រុមប្រជាពលរដ្ឋដែលងាយរងការរើសអើង និងផាត់ចេញពីសង្គមខ្លាំងបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ការយល់ខុសផ្នែកវប្បធម៌ដែលមានឫសគល់ចេញពីជំនឿថា ពិការភាពគឺជាកម្មពៀរ ឬការដាក់ទោសចំពោះអំពើខុសឆ្គងកាលពីជាតិមុន កង្វះការយល់ដឹងអំពីពិការភាព និងកង្វះលទ្ធភាពទទួលបានធនធានជាក់លាក់សម្រាប់ជនមានពិការភាព សុទ្ធតែជាកត្តារួមចំណែកធ្វើឱ្យកុមារ និងជនមានពិការភាពត្រូវបានផាត់ចេញពីសង្គម។

កម្មវិធីរបស់យើងដោះស្រាយបញ្ហាទាំងនេះ ដើម្បីធានាថាកុមារ និងមនុស្សពេញវ័យដែលមានពិការភាព ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ ទទួលបានព័ត៌មាន និងឱកាសនានា ដើម្បីធានាបាននូវបរិយាបន្នសង្គម និងការចូលរួមពេញលេញ ក្នុងការសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។

ការអប់រំផ្សព្វផ្សាយនៅតាមសហគមន៍

ជារឿយៗ នេះគឺជាជំហានដំបូងក្នុងការកំណត់អត្តសញ្ញាណកុមារមានពិការភាពនៅក្នុងសហគមន៍ ឬកុមារមានពិការភាពដែលកំពុងជួបប្រទះការបោះបង់ចោល និងការធ្វេសប្រហែស។ ការចុះអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ មានសារៈសំខាន់ណាស់ក្នុងការជួយឱ្យក្រុមគ្រួសារយល់ដឹងអំពីប្រភេទពិការភាពជាក់លាក់របស់កូនពួកគេ និងផ្តល់នូវអនុសាសន៍សម្រាប់ការថែទាំ និងការធ្វើអន្តរាគមន៍នានា។

ការអប់រំ និងការផ្តល់ព័ត៌មាន អាចជួយកាត់បន្ថយការភ័យខ្លាច និងការយល់ខុសដែលក្រុមគ្រួសារមានចំពោះពិការភាពរបស់កូនពួកគេ។ ការបណ្តុះបណ្តាលលើបច្ចេកទេសសាមញ្ញៗ អាចជួយពង្រឹងសមត្ថភាពធ្វើចលនារបស់កុមារដែលមានពិការភាពរាងកាយឱ្យកាន់តែប្រសើរឡើង។

ក្រុមការងារអប់រំផ្សព្វផ្សាយតាមសហគមន៍ដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវរបស់អង្គការតំណក់ទឹក ធ្វើដំណើរទៅកាន់សហគមន៍នានា ដើម្បីជួយគាំទ្រដល់ក្រុមគ្រួសារ លើកទឹកចិត្តឱ្យមានការចូលរួមនៅក្នុងក្រុមគាំទ្រមាតាបិតា និងផ្តល់ព័ត៌មានដល់ឪពុកម្តាយអំពីសេវាថែទាំជំនួសបណ្តោះអាសន្ន ដែលផ្តល់ជូននៅមជ្ឈមណ្ឌលថែទាំ។

មជ្ឈមណ្ឌលថែទាំ

ការធ្វើជាអ្នកមើលថែទាំចម្បងសម្រាប់ជនមានពិការភាព ទាមទារឱ្យមានការយកចិត្តទុកដាក់ និងការថែទាំជាពិសេស ហើយជារឿយៗវាអាចជាការងារពេញម៉ោងតែម្តង។ សម្រាប់គ្រួសារក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលត្រូវប្រកបរបរចិញ្ចឹមជីវិតដើម្បីផ្គត់ផ្គង់គ្រួសារ និងមានចំណេះដឹងមានកម្រិតបំផុតអំពីការថែទាំជាក់លាក់សម្រាប់ជនមានពិការភាព អង្គការតំណក់ទឹក ផ្តល់ជូននូវ «សេវាថែទាំជំនួសបណ្តោះអាសន្ន» នៅមជ្ឈមណ្ឌលថែទាំដើម្បីឱ្យក្រុមគ្រួសារអាចផ្ញើកូនៗរបស់ពួកគេនៅក្នុងបរិយាកាសដែលមានសុវត្ថិភាពនៅពេលថ្ងៃ ខណៈពេលដែលពួកគេទៅបំពេញការងារ។

មជ្ឈមណ្ឌលស្តារនីតិសម្បទា និងមជ្ឈមណ្ឌលថែទាំ ផ្តល់ការគាំទ្រដល់កុមារមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈសកម្មភាពចម្បងចំនួន ៣៖
– លំហាត់ប្រាណព្យាបាលដោយចលនា សម្រាប់កុមារមានពិការភាព;
– សកម្មភាពច្នៃប្រឌិត និងកម្សាន្ត ដែលត្រូវបានកែសម្រួលឱ្យសមស្របតាមស្ថានភាពពិការភាពរបស់កុមារម្នាក់ៗ;
– ការជំរុញទំនាក់ទំនងសង្គម ដើម្បីឱ្យកុមារអាចបន្តការអភិវឌ្ឍ និងការលូតលាស់របស់ពួកគេ។

ចូលរួមគាំទ្រគម្រោងនេះ

មជ្ឈមណ្ឌលថែទាំជំនួស

ជាអកុសល កុមារមានពិការភាពជាច្រើននៅតែត្រូវបានបោះបង់ចោល រំលោភបំពាន ឬធ្វេសប្រហែសពីសំណាក់ក្រុមគ្រួសាររបស់ពួកគេ ហើយត្រូវការការថែទាំជំនួសជាចាំបាច់ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ពួកគេ។

គម្រោងផ្ទះស្នាក់នៅជាក្រុមខ្នាតតូច ត្រូវបានបង្កើតឡើងដោយសារតម្រូវការចាំបាច់នៃទីកន្លែងរស់នៅប្រកបដោយសុវត្ថិភាព សម្រាប់កុមារមានពិការភាពដែលត្រូវបានគ្រួសារបោះបង់ចោល។ ផ្ទះទាំងនេះផ្តល់ជូនកុមារមានពិការភាពនូវការថែទាំពេញម៉ោង និងបរិយាកាសរស់នៅដែលមានភាពកក់ក្តៅដូចគ្រួសារ ខណៈពេលដែលពួកគេធំធាត់ឡើងជាមួយកុមារមានពិការភាពដទៃទៀត និងមានអ្នកថែទាំដែលដើរតួនាទីជាឪពុកម្តាយ។

អង្គការតំណក់ទឹក ធ្វើការស្វែងរកសាវតារគ្រួសារ ដោយក្តីសង្ឃឹមថាកុមារទាំងនោះអាចធ្វើសមាហរណកម្មទៅរស់នៅក្នុងគ្រួសារបង្កើត គ្រួសារសាច់ញាតិ ឬគ្រួសារធម៌។

តំណក់ទឹកសាខាកែប

កម្មវិធីពិការភាពនៅសាខាកែប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សពេញវ័យដែលមានពិការភាព ជាពិសេសអ្នកដែលមានពិការភាពបញ្ញា ដែលធំធាត់ឡើងនៅក្នុងកម្មវិធីថែទាំជំនួស ហើយមានអាយុលើសកម្រិតនៃកម្មវិធីសម្រាប់កុមារទាំងនេះ នៅពេលពួកគេឈានចូលដល់អាយុ ១៨ ឆ្នាំ។ មនុស្សពេញវ័យជាច្រើនដែលកំពុងរស់នៅក្នុងខេត្តកែប បានធំធាត់ឡើងនៅក្នុងផ្ទះស្នាក់នៅជាក្រុមខ្នាតតូច នៅអ្នកលឿង។

សម្រាប់អ្នកខ្លះ ការរស់នៅដោយឯករាជ្យទាំងស្រុង និងពាក់កណ្តាលឯករាជ្យ នឹងក្លាយជាជម្រើសមួយតាមរយៈការថែទាំត្រឹមត្រូវ និងការបណ្តុះបណ្តាលបំណិនជីវិត។ ទោះជាយ៉ាងណាក៏ដោយ មនុស្សពេញវ័យជាច្រើនដែលកំពុងរស់នៅក្នុងខេត្តកែប នឹងមិនអាចរស់នៅដោយគ្មានជំនួយបានឡើយ។ មជ្ឈមណ្ឌលខេត្តកែប ផ្តល់ជូនពួកគេនូវទីកន្លែងរស់នៅប្រកបដោយសុវត្ថិភាព ការថែទាំវេជ្ជសាស្ត្រ សកម្មភាពផ្សេងៗ និងឱកាសក្នុងការចូលរួមនៅក្នុងសហគមន៍។

ការរស់នៅបែបពាក់កណ្តាលឯករាជ្យ

គម្រោងរៀបចំការរស់នៅបែបពាក់កណ្តាលឯករាជ្យ (SILA) ផ្តល់ភាពអង់អាចដល់ជនមានពិការភាព ដើម្បីឱ្យពួកគេអាចរស់នៅដោយឯករាជ្យនៅក្នុងសហគមន៍។ គម្រោង SILA ផ្តល់ឱកាសដល់អ្នកស្នាក់នៅក្នុងការអនុវត្តការរស់នៅដោយឯករាជ្យ ខណៈពេលដែលពួកគេនៅតែអាចទទួលបានការគាំទ្រ និងធនធានចាំបាច់នានា។

អ្នកស្នាក់នៅទទួលបានការរៀនសូត្រអំពីបំណិនជីវិត ដូចជា ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការប្រើប្រាស់ទូរស័ព្ទ ការធ្វើដំណើរ និងការរៀបចំមធ្យោបាយធ្វើដំណើរ (រួមទាំងការសម្របសម្រួលសម្រាប់ឧបករណ៍ជំនួយពិការភាព ដូចជារទេះរុញជាដើម) រហូតដល់ពួកគេមានទំនុកចិត្ត និងត្រៀមខ្លួនរួចរាល់ក្នុងការរស់នៅដោយឯករាជ្យទាំងស្រុង។ បន្ថែមពីលើនេះ អង្គការតំណក់ទឹក ក៏ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើការងារកសិកម្ម ការជួសជុលគ្រឿងម៉ាស៊ីនសាមញ្ញៗ ការធ្វើម្ហូប និងការផលិត ព្រមទាំងការវេចខ្ចប់តែ ដើម្បីឱ្យអ្នកស្នាក់នៅមានបទពិសោធន៍ការងារដែលពួកគេអាចយកទៅប្រើប្រាស់ក្នុងការស្វែងរកការងារធ្វើនៅក្នុងសហគមន៍។

កសិដ្ឋាន និងកន្លែងស្នាក់នៅខេត្តកែប

កសិដ្ឋាន និងកន្លែងស្នាក់នៅនេះ ផ្តល់ជូននូវទីជម្រករយៈពេលវែងប្រកបដោយសុវត្ថិភាពនៅក្នុងបរិយាកាសរស់នៅរួមគ្នាក្នុងសហគមន៍ ការថែទាំពេញម៉ោង និងការអភិវឌ្ឍបំណិនជីវិតតាមរយៈការងារកសិកម្មបែបព្យាបាល។

អ្នកស្នាក់នៅធ្វើការនៅក្នុងកសិដ្ឋានរយៈពេលពីរបីម៉ោងក្នុងមួយថ្ងៃ ដោយជួយដាំដុះដំណាំ ប្រមូលផលកសិផល វេចខ្ចប់តែសម្រាប់លក់ និងមើលថែទាំសត្វមាន់។

កសិដ្ឋាននេះផ្តល់ឱកាសដល់អ្នកស្នាក់នៅក្នុងការរួមចំណែក និងការចូលរួមប្រកបដោយអត្ថន័យនៅក្នុងសហគមន៍របស់ពួកគេ។ កសិផលដែលដាំដុះនៅក្នុងកសិដ្ឋាន ត្រូវបានយកទៅលក់នៅផ្សារក្នុងតំបន់ និងលក់ជូនអាជីវករក្នុងមូលដ្ឋាន។ ទំនាក់ទំនងដោយផ្ទាល់រវាងអ្នកស្នាក់នៅដែលមានពិការភាព និងសមាជិកសហគមន៍នេះ គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការកាត់បន្ថយការរើសអើង (Destigmatisation)។

សកម្មភាពនៅខាងក្រៅជាប្រចាំ រួមមានការធ្វើដំណើរកម្សាន្តទៅកាន់ឆ្នេរសមុទ្រ និងការចូលរួមសម្អាតឆ្នេរដោយស្ម័គ្រចិត្ត គឺជាឱកាសបន្ថែមសម្រាប់អ្នកស្នាក់នៅក្នុងការបង្ហាញវត្តមាននៅក្នុងសហគមន៍ ព្រមទាំងបានចូលរួមក្នុងសកម្មភាពប្រកបដោយបរិយាបន្នដែលផ្តល់ភាពសប្បាយរីករាយ និងបន្ធូរអារម្មណ៍ផងដែរ។



ចង់គាំទ្រគម្រោងនេះមែនទេ?