
ការផ្លាស់ប្តូរទីលំនៅដោយសុវត្ថិភាព

២៨% នៃជនរងគ្រោះដោយសារការជួញដូរដែលត្រូវបានកំណត់អត្តសញ្ញាណនៅទូទាំងពិភពលោក គឺជាកុមារ។

១ ក្នុងចំណោម ៨ នាក់នៃជនទេសន្តរប្រវេសករនៅទូទាំងពិភពលោក គឺជាកុមារ។

ពាក់កណ្តាលនៃប្រជាជនកម្ពុជា រស់នៅដោយប្រាក់ចំណូលតិចជាង ២ ដុល្លារក្នុងមួយថ្ងៃ។ កត្តានេះបានបង្កើន និងជំរុញឱ្យមានតម្រូវការកាន់តែខ្លាំងឡើង ក្នុងការផ្លាស់ប្តូរទីលំនៅដើម្បីស្វែងរកប្រាក់ឈ្នួលដែលប្រសើរជាងមុន។
ការទប់ស្កាត់
ដើម្បីទប់ស្កាត់ការផ្លាស់ប្តូរទីលំនៅ គ្មានសុវត្ថិភាពរបស់កុមារ ឪពុកម្តាយត្រូវតែមានប្រភពប្រាក់ចំណូលទៀងទាត់ និងការងារស្ថិតស្ថេរ។ ដូច្នេះ វិធីសាស្ត្របង្ការនិងទប់ស្កាត់របស់យើង គឺផ្តោតលើការកសាងសមត្ថភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការអប់រំអំពីគ្រោះថ្នាក់នៃការផ្លាស់ប្តូរទីលំនៅដោយគ្មានសុវត្ថិភាព។
ការិយាល័យអនាគត គឺជាចំណុចទំនាក់ទំនង និងផ្ដល់ព័ត៌មានដំបូងរបស់យើង សម្រាប់គ្រួសារដែលប្រឈមនឹងហានិភ័យនៃការផ្លាស់ប្តូរទីលំនៅដោយគ្មានសុវត្ថិភាព។ ការិយាល័យអនាគត ផ្តល់ការគាំទ្រ និងប្រឹក្សាយោបល់ដល់អ្នកដែលស្វែងរកការងារធ្វើ ព្រមទាំងការបណ្តុះបណ្តាលជំនាញទន់ និងជំនាញវិជ្ជាជីវៈដល់ជនពេញវ័យ និងយុវជននៅក្នុងក្រុងប៉ោយប៉ែត។
លើសពីនេះ អង្គការតំណក់ទឹកបានបង្កើតគម្រោង សកម្មភាពបង្កើតប្រាក់ចំណូល នៅឯការិយាល័យអនាគត ដែលផ្តល់ការបណ្តុះបណ្តាលអំពីសហគ្រិនភាព និងកម្ចីឥណទានតូចៗ សម្រាប់បុគ្គលដែលមានអាយុលើសពី ១៨ ឆ្នាំ។
ការិយាល័យអនាគត ទទួលស្វាគមន៍ទាំងអតិថិជនដែលមកប្រឹក្សាដោយផ្ទាល់ និងអតិថិជនដែលត្រូវបានបញ្ជូនមកពីគម្រោងផ្សេងៗទៀតរបស់អង្គការតំណក់ទឹក។
គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងសមត្ថភាពជំនាញការងារក្នុងចំណោមប្រជាជននៅក្រុងប៉ោយប៉ែត ដើម្បីកាត់បន្ថយការទន្ទឹងរង់ចាំ ឬពឹងផ្អែកលើពលកម្មទេសន្តរប្រវេសន៍ ដែលសកម្មភាពនេះនឹងជួយកាត់បន្ថយមូលហេតុឫសគល់ជាច្រើននៃការជួញដូរមនុស្ស។
ការការពារ
អង្គការតំណក់ទឹក មានក្រុមការងារសង្គមកិច្ចដែលចុះបំពេញការងារអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ ចំនួន ៤ ដងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។
ក្រុមការងារសង្គមកិច្ចបានចុះជួបប្រាស្រ័យទាក់ទងជាមួយកុមារ យុវជនរស់នៅលើដងផ្លូវ និងគ្រួសាររបស់ពួកគេ ព្រមទាំងចុះសួរសុខទុក្ខគ្រួសារងាយរងគ្រោះនៅក្នុងសហគមន៍ផងដែរ។ ពួកគាត់បានផ្តល់ជូននូវអាហារ និងសម្ភារឧបភោគបរិភោគផ្សេងៗ ព្រមទាំងជួយផ្សព្វផ្សាយព័ត៌មានដល់សមាជិកសហគមន៍អំពីសេវាកម្មផ្សេងៗទៀតដែលអង្គការ ដំណក់ទឹក ផ្តល់ជូន។ ឧទាហរណ៍ ពួកគាត់ធានាថាកុមាររស់នៅលើដងផ្លូវបានជ្រាបអំពី មជ្ឈមណ្ឌលបណ្តោះអាសន្ន ដែលជាកន្លែងដែលពួកគេអាចញ៉ាំអាហារ ងូតទឹក និងសម្រាកដោយឥតគិតថ្លៃ ព្រមទាំងអាចពិភាក្សាជាមួយក្រុមការងារដើម្បីទទួលបានការគាំទ្រក្នុងរយៈពេលវែងផងដែរ។
យើងផ្តល់ការបណ្តុះបណ្តាលដល់សមាជិកសហគមន៍ លោកគ្រូអ្នកគ្រូ អាជីវករ និងភាគីពាក់ព័ន្ធផ្សេងទៀត តាមរយៈ បណ្តាញសម្ព័ន្ធមិត្តការពារកុមារ ដើម្បីការពារកុមារពីការរំលោភបំពាន និងទប់ស្កាត់ពួកគេមិនឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពរំលោភបំពាន។
ដោយសារតែការការពារកុមារពីការផ្លាស់ប្តូរទីលំនៅដោយគ្មានសុវត្ថិភាព ចាប់ផ្តើមចេញពីឪពុកម្តាយ និងគ្រួសារ ក្រុមការងារសង្គមកិច្ចរបស់យើងបានរៀបចំ “សិក្ខាសាលាស្តីពីអាណាព្យាបាលវៃឆ្លាត”។ សិក្ខាសាលានេះគ្របដណ្តប់លើប្រធានបទជាច្រើន ប៉ុន្តែផ្តោតជាពិសេសលើការបង្រៀនឪពុកម្តាយអំពីរបៀបសម្គាល់ជនជួញដូរមនុស្ស ដែលជារឿយៗតែងតែសម្តៅលើឪពុកម្តាយដែលមានកម្រិតវប្បធម៌ទាប។
ការកសាងជីវិតឡើងវិញ
Child Migrant Office (CMO)
Child Migrant Office ផ្តល់ការគាំទ្រដល់កុមារ និងយុវជនដែលជាជនរងគ្រោះដោយសារការផ្លាស់ប្តូរទីលំនៅគ្មានសុវត្ថិភាព តាមរយៈការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រងករណីបន្ទាន់ទៅតាមករណីនីមួយៗ។ ការិយាល័យនេះដំណើរការតាមរយៈមជ្ឈមណ្ឌលឆ្លងដែនក្រុងប៉ោយប៉ែត ដែលជាទីតាំងច្រកចូលចម្បងសម្រាប់ប្រជាពលរដ្ឋខ្មែរដែលត្រូវបានបណ្តេញចេញពីប្រទេសថៃ។
ដោយសារតែកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ កុមារ និងយុវជនជាច្រើនដែលត្រូវបាននាំមកកាន់មជ្ឈមណ្ឌលឆ្លងដែនក្រុងប៉ោយប៉ែត ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃការជួញដូរជាថ្មី ប្រសិនបើគ្មានវិធានការអន្តរាគមន៍ទាន់ពេលវេលានោះទេ។ ដើម្បីទប់ស្កាត់បញ្ហានេះ អង្គការតំណក់ទឹក បានសហការជាមួយអង្គការមិត្តសម្លាញ់ និងអង្គការគ្រួសារថ្មី នៅឯការិយាល័យ CMO ដើម្បីកំណត់អត្តសញ្ញាណកុមារដែលគ្មានអាណាព្យាបាលកំដរ និងផ្តល់សេវាគ្រប់គ្រងករណីដល់ពួកគេ។
តាមរយៈដំណើរការគ្រប់គ្រងករណី កុមារទាំងនេះនឹងត្រូវបានធ្វើសមាហរណកម្មចូលក្នុងគ្រួសារវិញ ឬប្រសិនបើការជួបជុំគ្រួសារឡើងវិញមិនមែនជាជម្រើស ពួកគេនឹងបញ្ជូនបន្តទៅកាន់មជ្ឈមណ្ឌល CMO របស់អង្គការតំណក់ទឹក ឬទៅកាន់អង្គការក្រៅរដ្ឋាភិបាលជាដៃគូផ្សេងទៀត។

មជ្ឈមណ្ឌលថែទាំជំនួស
ការធ្វើសមាហរណកម្មកុមារចូលទៅក្នុងគ្រួសារវិញ គឺជាដំណោះស្រាយអាទិភាពដំបូងរបស់យើង សម្រាប់កុមារដែលស្ថិតក្រោមការមើលថែរបស់អង្គការ។ ទោះជាយ៉ាងណាក៏ដោយ ជម្រើសនេះមិនមែនសុទ្ធតែអាចធ្វើទៅបាន ឬមានសុវត្ថិភាពសម្រាប់កុមារគ្រប់រូបនោះទេ។ ហេតុដូច្នេះហើយ យើងបានបង្កើតមជ្ឈមណ្ឌលថែទាំជំនួសឡើង ដើម្បីផ្តល់ការថែទាំបន្ទាន់ ទីជម្រក ការអប់រំ និងធនធានចាំបាច់នានាដល់កុមារ ក្នុងអំឡុងពេលដែលយើងកំពុងវាយតម្លៃអំពីលទ្ធភាពនៃការធ្វើសមាហរណកម្មចូលក្នុងគ្រួសារវិញ។ កុមារទទួលបានវគ្គប្រឹក្សាយោបល់ទាំងជាក្រុម និងជាលក្ខណៈបុគ្គល ព្រមទាំងត្រូវបានបង្រៀនអំពីវិធីសាស្ត្រផ្សេងៗ ដើម្បីស្តារឡើងវិញពីការប៉ះទង្គិចផ្លូវចិត្តកាលពីអតីតកាល។ កម្មវិធីថែទាំជំនួសរបស់យើង ត្រូវបានបែងចែកចេញជាទីតាំងស្នាក់នៅចំនួន ៣ ប្រភេទ ដើម្បីឆ្លើយតបឱ្យបានល្អបំផុតទៅនឹងតម្រូវការរបស់កុមារក្នុងស្ថានភាពផ្សេងៗគ្នា។
គម្រោងនេះមានលក្ខណៈពិសេសចម្បងចំនួន ២៖
មជ្ឈមណ្ឌលទទួលកុមាររបស់យើង ផ្តល់ការថែទាំភ្លាមៗ និងបន្ទាន់ដល់កុមារអាយុក្រោម ១៦ ឆ្នាំ ដែលទើបត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញពីប្រទេសថៃ។ មជ្ឈមណ្ឌលទទួលកុមារ ផ្តល់ជូននូវសេវាកម្មចាំបាច់នានាក្នុងរយៈពេលខ្លី ខណៈពេលដែលជម្រើសនៃការធ្វើសមាហរណកម្មចូលក្នុងគ្រួសារវិញកំពុងត្រូវបានវាយតម្លៃដោយក្រុមការងារសង្គមកិច្ច។ ក្នុងអំឡុងពេលស្នាក់នៅមជ្ឈមណ្ឌលទទួលកុមារ កុមារទទួលបានទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព ព្រមទាំងទទួលបានការអប់រំ ការថែទាំសុខភាព និងការគាំទ្រផ្នែកចិត្តសាស្ត្រសង្គម។
មណ្ឌលថែទាំអន្តរកាល ផ្តល់សេវាកម្មដូចគ្នាទៅនឹងមជ្ឈមណ្ឌលទទួលកុមារដែរ ប៉ុន្តែសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ ដែលការធ្វើសមាហរណកម្មចូលក្នុងគ្រួសារវិញមិនមែនជាជម្រើសដែលអាចធ្វើទៅបាន។ កុមារនៅទីនេះទទួលបានការស្នាក់នៅរយៈពេលវែង ការអប់រំ ការប្រឹក្សាយោបល់ និងការថែទាំវេជ្ជសាស្ត្រពីបុគ្គលិករបស់យើងដែលប្រចាំការនៅទីតាំងផ្ទាល់ ២៤ ម៉ោង ម៉ោង និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។ ក្រុមការងារសង្គមកិច្ចនៅតែបន្តវាយតម្លៃអំពីលទ្ធភាពនៃការធ្វើសមាហរណកម្មចូលទៅក្នុងគ្រួសារ ឬសាច់ញាតិវិញ ទោះជាយ៉ាងណាក៏ដោយ កុមារនៅមជ្ឈមណ្ឌលថែទាំអន្តរកាល ទទួលបានការថែទាំដែលផ្តោតសំខាន់លើការស្តារឡើងវិញរយៈពេលវែងពីការប៉ះទង្គិចផ្លូវចិត្ត និងការអភិវឌ្ឍបំណិនជីវិត ដើម្បីសម្រួលដល់ដំណើរការធ្វើសមាហរណកម្មដោយឯករាជ្យរបស់ពួកគេចូលទៅក្នុងសង្គម។
ផ្ទះស្នាក់នៅជាក្រុម (GH)
កម្មវិធីផ្ទះស្នាក់នៅជាក្រុម ផ្តល់ជូននូវទីកន្លែងរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់យុវជនដែលមានអាយុលើសពី ១៦ ឆ្នាំ បន្ទាប់ពីពួកគេមានអាយុលើសកម្រិតដែលត្រូវស្នាក់នៅមជ្ឈមណ្ឌលថែទាំអន្តរកាល ប៉ុន្តែនៅក្មេងពេកមិនទាន់អាចរស់នៅដោយឯករាជ្យទាំងស្រុងបាន។ កម្មវិធីផ្ទះស្នាក់នៅជាក្រុម ផ្តល់នូវការរៀបចំការរស់នៅបែបពាក់កណ្តាលឯករាជ្យ ដល់យុវវ័យដែលកំពុងសិក្សានៅសាលា ឬកំពុងទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
ក្នុងអំឡុងពេលរស់នៅក្នុងផ្ទះស្នាក់នៅជាក្រុម ពួកគេនៅតែស្ថិតក្រោមការតាមដាន និងមើលខុសត្រូវរបស់ក្រុមការងារសង្គមកិច្ច ដែលធានាថាពួកគេកំពុងបន្តការសិក្សា ឬការបណ្តុះបណ្តាលបានយ៉ាងខ្ជាប់ខ្ជួន។ អង្គការតំណក់ទឹក នៅតែបន្តគាំទ្រដល់យុវជនពេញវ័យទាំងនេះ រហូតដល់ពួកគេបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ឬទទួលបានការងារធ្វើដែលមានស្ថិរភាព។
ការធ្វើសមាហរណកម្ម
យើងជឿជាក់ថា ការធ្វើសមាហរណកម្មជាមួយសមាជិកគ្រួសារ គួរតែជាជម្រើសអាទិភាពដំបូងជានិច្ចសម្រាប់កុមារដែលជាជនរងគ្រោះដោយសារការផ្លាស់ប្តូរទីលំនៅ គ្មានសុវត្ថិភាព ប្រសិនបើការធ្វើបែបនោះមានសុវត្ថិភាព។ បុគ្គលិករបស់យើងតែងតែព្យាយាមស្វែងរកក្រុមគ្រួសាររបស់កុមារដែលត្រូវបានបណ្តេញចេញពីប្រទេសថៃ និងជួយសម្របសម្រួលឱ្យពួកគេបានជួបជុំគ្នាឡើងវិញតាមរយៈការិយាល័យ CMO។ ទោះជាយ៉ាងណាក៏ដោយ ក្នុងស្ថានភាពដែលការធ្វើសមាហរណកម្មមិនអាចធ្វើទៅបាន ឬមិនមែនជាជម្រើសដែលមានសុវត្ថិភាពបំផុត យើងមានកម្មវិធីផ្សេងៗទៀតដើម្បីធានាថាកុមារទទួលបានឱកាសក្នុងការអភិវឌ្ឍភាពជោគជ័យរបស់ពួកគេបន្តទៀត។
កុមារដែលស្ថិតក្រោមការមើលថែរបស់យើងពីមជ្ឈមណ្ឌលទទួលកុមារ (RC) មណ្ឌលថែទាំអន្តរកាល (TCF) ឬមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្ន (DIC) នៅក្រុងប៉ោយប៉ែត ឬកុមារដែលត្រូវបានកំណត់អត្តសញ្ញាណដោយភ្នាក់ងារ ChildSafe របស់យើង ទទួលបានឱកាសចុះឈ្មោះចូលរៀននៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធរបស់យើង។
ក្រុមការងារសង្គមកិច្ចរបស់យើងផ្តល់សេវាគ្រប់គ្រងករណី និងចុះតាមដានសួរសុខទុក្ខកុមារ និងយុវជនដែលរួចផុតពីការជួញដូរមនុស្ស និងការកេងប្រវ័ញ្ច តាមរយៈបេសកកម្មអប់រំផ្សព្វផ្សាយនៅតាមសហគមន៍. របស់យើង។ យើងក៏ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតាមរយៈការិយាល័យអនាគត របស់យើងនៅក្រុងប៉ោយប៉ែតផងដែរ។










