Skip to content

ប្រវត្តិរបស់យើង

អង្គការតំណក់ទឹក បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាញគាំទ្រកុមារ Goutte d’eau។ មូលនិធិស្វីសមួយនេះ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាខែមករា ឆ្នាំ១៩៩៧។ គោលបំណងរបស់ពួកគេ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ក្នុងការជួយសង្គ្រោះកុមាររស់នៅតាមដងផ្លូវ នៅក្នុងសហគមន៍អ្នកលឿង។ មូលនិធិ Goutte d’eau ត្រូវបានបង្កើតឡើងដោយក្រុមមិត្តភក្តិមួយក្រុម ដែលបានធ្វើដំណើរជុំវិញពិភពលោក ក្នុងអំឡុងពេលនៃការសិក្សារបស់ពួកគេ។ ពួកគាត់មានបំណងចង់ធ្វើសកម្មភាពអ្វីមួយ ដើម្បីដោះស្រាយបញ្ហាអយុត្តិធម៌ដែលមិនអាចសង្កេតមើលរំលងបាន ដែលពួកគាត់បានជួបប្រទះនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

១៩៩៧

បណ្តាញគាំទ្រកុមារ Goutte d’Eau (GEcsn) ចាប់ផ្តើមប្រតិបត្តិការនៅក្នុងអ្នកលឿង ប្រទេសកម្ពុជា។

១៩៩៩

អាជ្ញាធររដ្ឋាភិបាលបានស្នើសុំឱ្យបណ្តាញ GEcsn បង្កើតគម្រោងនៅអ្នកលឿងឡើងវិញនៅក្នុងក្រុងប៉ោយប៉ែត ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

២០០១

ទីតាំងគម្រោងនៅអ្នកលឿង បានក្លាយជាគម្រោងក្នុងស្រុក និងបានចុះបញ្ជីជាផ្លូវការជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជា ក្រោមឈ្មោះថា អង្គការតំណក់ទឹក កម្ពុជា។

២០០៣

គម្រោងនៅក្រុងប៉ោយប៉ែត បានចុះបញ្ជីជាផ្លូវការជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ជាមួយក្រសួងមហាផ្ទៃ ក្រោមឈ្មោះថា អង្គការតំណក់ទឹក សាខាប៉ោយប៉ែត។

២០០៣

អង្គការតំណក់ទឹក និងបណ្តាញ GEcsn បានបើកមជ្ឈមណ្ឌលថែទាំមួយសម្រាប់កុមារមានពិការភាព នៅក្នុងរាជធានីភ្នំពេញ។

២០១៣

អង្គការតំណក់ទឹកកម្ពុជា និង អង្គការតំណក់ទឹកសាខាប៉ោយប៉ែត បានរួមបញ្ចូលគ្នាទៅជាអង្គភាពតែមួយ ក្រោមឈ្មោះថា អង្គការតំណក់ទឹក (Goutte d’Eau)។

២០១៧

អង្គការតំណក់ទឹក និងបណ្តាញ GEcsn បានបើកមជ្ឈមណ្ឌលថ្មីមួយសម្រាប់ជនពិការពេញវ័យ នៅក្នុងខេត្តកែប។

២០១៨

អង្គការតំណក់ទឹក និងបណ្តាញ GEcsn បានផ្លាស់ប្តូរកម្មវិធីពិការភាពកុមារពីរាជធានីភ្នំពេញទៅកាន់សាខាអ្នកលឿង ដើម្បីបញ្ចូលទាំងការថែទាំជំនួស និងការស្តារនីតិសម្បទា។