Skip to content

ការការពារកុមារ

កិច្ចការពារកុមារ គឺជាបេះដូងនៃរាល់សកម្មភាពទាំងអស់របស់យើង។ ជាអកុសល កុមារជាច្រើននៅតែបន្តជួបប្រទះនូវការលំបាក ភាពក្រីក្រ ការរំលោភបំពាន ការបោះបង់ចោល និងអំពើហិង្សា។ ដោយសារតែតួលេខស្ថិតិដ៏គួរឱ្យព្រួយបារម្ភនេះ កិច្ចការពារកុមារត្រូវបានបញ្ជូលជាពិសេសទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDGs)។

កម្មវិធីនេះស្វែងរកការអនុវត្តតាមគំរូដែលបានកំណត់ដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ១៦.២ (SDG 16.2) ដែលមានគោលបំណង «បញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើកុមារ និងផ្តល់កម្លាំងជំរុញថ្មីឆ្ពោះទៅរកការសម្រេចបាននូវសិទ្ធិរបស់កុមារគ្រប់រូប ក្នុងការរស់នៅដោយប្រាសចាកពីការភ័យខ្លាច ការបោះបង់ចោល ការរំលោភបំពាន និងការកេងប្រវ័ញ្ច»។ វាជាបេសកកម្មរបស់យើងក្នុងការធានាថាកុមារគ្រប់រូបត្រូវបានគោរពសិទ្ធិ និងទទួលបាននូវតម្រូវការមូលដ្ឋានរបស់ពួកគេ។

ស្វែងយល់បន្ថែម

ពិការភាព

ជនមានពិការភាពនៅតែជាក្រុមមនុស្សមួយក្នុងចំណោមក្រុមដែលរងការផាត់ចេញពីសង្គមខ្លាំងបំផុត។ នៅទូទាំងពិភពលោក ជនមានពិការភាពប្រឈមមុខនឹងការរើសអើង ដោយសារតែកង្វះការយល់ដឹងអំពីពិការភាព
ការមិនជឿជាក់លើសមត្ថភាពរបស់ពួកគេ និងការអៀនខ្មាសជាដើម។

នៅក្នុងប្រទេសកម្ពុជា ជនមានពិការភាព ជាពិសេសអ្នកដែលមានពិការភាពផ្នែកប្រាជ្ញា និងស្មារតី ប្រឈមមុខ
នឹងការរើសអើងបន្ថែមក្នុងសង្គម ដែលជាប់ទាក់ទងនឹងជំនឿរឿងកម្មផល។ ជំនឿទាំងនេះនាំឱ្យប្រជាជនជឿថា
ពិការភាពគឺជាទម្រង់នៃទោសទណ្ឌចំពោះអំពើអាក្រក់ដែលបានសាងពីជាតិមុន។

ការផាត់ចេញពីសង្គមនាំឱ្យមានផលវិបាកយ៉ាងជូរចត់ ដែលជនមានពិការភាពត្រូវបន្សល់ទុកឱ្យប្រឈមនឹង
គ្រោះថ្នាក់នៃការគ្មានផ្ទះសម្បែង ការរំលោភបំពាន ការបោះបង់ចោល និងត្រូវបានបដិសេធមិនឱ្យទទួលបាន
ការថែទាំមូលដ្ឋាន។ កុមារដែលមានពិការភាពប្រឈមនឹងហានិភ័យនៃការបោះបង់ចោលតាំងពីកំណើត
ប្រសិនបើគ្រួសារគ្មានចំណេះដឹង ឬលទ្ធភាពក្នុងការចំណាយលើការថែទាំដែលចាំបាច់។

កម្មវិធីពិការភាពរបស់យើងផ្តល់នូវការថែទាំ ជម្រក ការអប់រំ និងការបណ្តុះបណ្តាលសម្រាប់កុមារ និងមនុស្ស
ពេញវ័យដែលមានពិការភាព ព្រមទាំងគ្រួសាររបស់ពួកគេ ក្នុងសង្ឃឹមថានឹងកាត់បន្ថយការរើសអើងលើ
ពិការភាពនៅទូទាំងប្រទេស។

ស្វែងយល់បន្ថែម

ការផ្លាស់ប្តូរទីលំនៅដោយសុវត្ថិភាព

ប្រទេសកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាទាបខ្លាំង និងមានទីផ្សារការងារក្រៅប្រព័ន្ធធំទូលាយ ដោយមានបទបញ្ញត្តិការងារតិចតួច។ ការងារសម្រាប់អ្នកដែលគ្មានការអប់រំ និងគ្មានជំនាញ គឺមានកម្រិតខ្សត់ខ្សោយ ហើយជាទូទៅជាការងារប្រើប្រាស់កម្លាំងបាយធ្ងន់ធ្ងរ និងទទួលបានប្រាក់កម្រៃទាប។ កត្តានេះធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ក្នុងស្ថានភាពដែលងាយនឹងប្រឈមទៅរកទម្រង់នៃការផ្លាស់ប្តូរទីលំនៅដោយគ្មានសុវត្ថិភាព រួមទាំងការជួញដូរមនុស្ស ដើម្បីចិញ្ចឹមជីវិត។

កម្មវិធីការផ្លាស់ប្តូរទីលំនៅរបស់យើងផ្តល់នូវជំនួយភ្លាមៗសម្រាប់កុមារដែលរងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរទីលំនៅដោយគ្មានសុវត្ថិភាព។ យើងក៏បានបង្កើតកម្មវិធីសម្រាប់មនុស្សពេញវ័យ ដែលផ្តោតលើមូលហេតុឫសគល់នៃការផ្លាស់ប្តូរទីលំនៅដោយគ្មានសុវត្ថិភាព ដើម្បីបង្ការការកេងប្រវ័ញ្ចផងដែរ។

ស្វែងយល់បន្ថែម

ការអប់រំ

នៅក្នុងប្រទេសកម្ពុជា កុមារក្នុងវ័យសិក្សាប្រមាណ ២៥០,០០០ នាក់ មិនទទួលបានការអប់រំទាល់តែសោះ។ ក្នុងនោះ កុមារប្រមាណ ២៤,០០០ នាក់ ត្រូវបានប៉ាន់ប្រមាណជារស់នៅ និងធ្វើការតាមដងផ្លូវ។ សមត្ថភាពជាតិក្នុងការអភិវឌ្ឍ និងថែរក្សារក្សាប្រព័ន្ធសាធារណៈដូចជាការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែមានកម្រិត។ កត្តានេះរួមចំណែកដល់បញ្ហាភាពក្រីក្រសម្រាប់កុមារ និងយុវជនកម្ពុជាជាច្រើន។ កម្រិតការអប់រំទាប និងការទទួលបានការអប់រំមានកម្រិត បង្កើនហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងភាពក្រីក្រសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេស។

កម្មវិធីអប់រំរបស់យើងពឹងផ្អែកលើការចុះផ្ទាល់ដល់សហគមន៍ដោយកិច្ចសហការ ដើម្បីស្វែងរកកុមារដែលបាត់បង់ឱកាសសិក្សា។ បន្ទាប់មក យើងជួយគាំទ្រពួកគេតាមរយៈការអប់រំក្រៅប្រព័ន្ធ និងក្នុងអំឡុងពេលនៃការបញ្ចូលពួកគេឱ្យចូលរៀនឡើងវិញនៅសាលារដ្ឋ
ឬការសិក្សាថ្នាក់ឧត្តម។

ស្វែងយល់បន្ថែម

តើអ្នកពេញចិត្តចំពោះអ្វីដែលអ្នកបានឃើញដែរឬទេ?

សូមចូលរួមគាំទ្រការងាររបស់យើង ដើម្បីបង្កើតការផ្លាស់ប្តូរពិតប្រាកដនៅក្នុងជីវិតរបស់កុមារងាយរងគ្រោះ និងគ្រួសាររបស់ពួកគេ។